ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្ម លើពួកមន្ត្រីចិន ករណីគាបសង្កត់សេរីភាពពលរដ្ឋហុងកុង

ករណីបក្សកុម្មុយនិស្តចិនគាបសង្កត់សិទ្ធិសេរីភាពប្រជាជនហុងកុង  ដោយបង្កើត ច្បាប់ពិសេសដើម្បីគ្រប់គ្រង សន្តិសុខនៃអតីតដែនដីអាណានិគមអង់គ្លេស បាននាំអោយ ផ្ទុះប្រតិកម្មជាខ្លាំងពីក្រុមប្រទេសឧស្សាហកម្មជឿនលឿន G-7  រួមមានសហរដ្ឋអាមេរិក។

នៅថ្ងៃទី២៦ ខែមិថុនានេះ បណ្ដាញផ្សាយព័ត៌មានសិង្ហបុរី Channel News Asia  បានចុះផ្សាយថា ព្រឹទ្ធសភា សហរដ្ឋអាមេរិក បានអនុម័តជាឯកឆន្ទ នូវសេចក្ដីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មទៅលើមន្ត្រី ចិន ណាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញសិទិ្ធសេរីភាព នៃប្រជាជនក្រុងហុងកុង។

ដែនដីហុងកុង ត្រូវបានដាក់អោយស្ថិតក្នុងរដ្ឋបាលស្វយ័តពិសេស នៅឆ្នាំ ១៩៩៧ បន្ទាប់អាណានិគមអង់គ្លេស ព្រមប្រគល់អោយចិនវិញ ។

ប៉ុន្តែរដ្ឋាភិបាលពិសេសនេះស្ថិតនៅក្នុងលក្ខខណ្ឌដាច់ដោយឡែកពីក្រុងប៉េកាំង គឺក្រុងហុងកុងនៅតែជាដែនដី ប្រកាន់យក របបនយោបាយ បែបប្រជាធិបតេយ្យ ដោយគោរពសិទិ្ធមនុស្ស និងសេរីភាពខាងនយោបាយ ជាមូលដ្ឋាន។ តាមលក្ខខណ្ឌនេះ ហុងកុងអាចធ្លាក់ទៅលើរដ្ឋអំណាចបក្សកុម្មុយនិស្តទាំងស្រុងនៅឆ្នាំ ២០៤៧។

ប៉ុន្តែបក្សកុម្មុយនិស្តចិនបានអនុម័តច្បាប់សន្តិសុខដែលតម្រូវអោយក្រុងហុងកុង អនុវត្តនោះ គឺបន្ទាប់ពីពលរដ្ឋរាប់ម៉ឺននាក់នៅលើកោះនេះ បានធ្វើបាតុកម្មជាច្រើនខែប្រឆាំងនឹងការគាបសង្កត់ពីសំណាក់ក្រុងប៉េកាំងលើប្រព័ន្ធយុត្តិធម៌ របស់ ក្រុងហុងកុង។

សេចក្ដីព្រាងច្បាប់ដែលសមាជិកព្រឹទ្ធសភាអាមេរិកាំង ទើបបានអនុម័តនេះ មានគោលដៅ រឹតបន្តឹងមុខជំនួញ និងប្រព័ន្ធធនាគារ របស់អ្នកជំនួញចិន ពាក់ព័ន្ធនឹងមន្ត្រីចិនប៉េកាំង ដែលចូលរួមក្នុងការបង្កើតច្បាប់សន្តិសុខរបស់បក្សកុម្មុយនិស្តចិនលើដែនដីហុងកុង។

សមាជិកព្រឹទ្ធសភាលោក Chris Van Hollen មកពីបក្សប្រជាធិបតេយ្យ ដែលបានជួយអោយមាន ការអនុម័តច្បាប់នេះ បាននិយាយថា ច្បាប់នេះ នឹងជំរុញអោយ មានសេរីភាពឡើងវិញសម្រាប់ប្រជាជនក្រុងហុងកុង បើទោះជាក្រុងប៉េកាំងពិបាកនឹងទទួលយកក៏ដោយ។

លោកបន្តថា ទោះជារដ្ឋាភិបាលចិនពិបាកទទួលយកក៏ពិតមែន តែចិនត្រូវតែដឹងអំពីតម្លៃនៃសេរីភាពរបស់ប្រជាជនហុងកុង។

សេចក្ដីព្រាងច្បាប់ដែលព្រឹទ្ធសភាអាមេរិកាំងទើបបានអនុម័តនោះ មានភាពងាយស្រួលព្រោះតែសមាជិកសភាបានអនុម័តដោយសឹងតែរកសំឡេងជំទាស់គ្មាន។ តែនេះជាការប្រាប់ទៅទីក្រុងប៉េកាំងថា ត្រូវតែគោរពសិទ្ធិសេរីភាពដែនដីហុងកុង។

គេរំពឹងថា លោកប្រធានាធិបតីដូណាល់ត្រាំ នឹងចុះហត្ថលេខា ហើយបញ្ចេញច្បាប់នេះអោយចូលជាធរមានយ៉ាងឆាប់បំផុត។

តែគេនៅចាំថា នៅពេលសភាបក្សកុម្មុយនិស្តចិនបានអនុម័តច្បាប់សន្តិសុខ ដើម្បីគ្រប់គ្រងដែនដីហុងកុង គឺទាំងលោកប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្ត្រីការបរទេស Mike Pompeo បានហៅ ដែនដីហុងកុងថាលែងស្ថិតក្រោមលក្ខខណ្ឌនៃ រដ្ឋាភិបាលដែនដីស្វ័យត្នទៀតហើយ។ លោក Mike Pompeo ថា សហរដ្ឋអាមេរិក មិនចង់ឃើញ ដែនដីហុងកុងរបូតក្រោមច្បាប់របស់ក្រុងប៉េកាំងនៅមុនការផុតអាណត្តិរបស់ដែនដីមួយនេះនៅឆ្នាំ២០៤៧នោះទេ។

ទីក្រុងប៉េកាំងបានអះអាងថា ច្បាប់សន្តិសុខរបស់ខ្លួន ដែលដាក់អោយរដ្ឋបាល ហុងកុងអនុវត្តនោះ គឺសំដៅទប់ស្កាត់ សកម្មភាពបំបែករដ្ឋ ការធ្វើវិច្ឆេទកម្ម នយោបាយ និងសេដ្ឋកិច្ច និងប្រឆាំងអំពើភេរវកម្ម ដែលឃុតឃិតជាមួយជនបរទេស។

រដ្ឋាភិបាលចិន តែងតែប្រតិកម្មនឹងថ្កោលទោស សហរដ្ឋអាមេរិក ដោយព្រមានថា ខ្លួននឹងសងសឹកវិញ ក្នុងស្ថានភាពណាមួយ។ ក្រុងប៉េកាំង ចាត់ទុកអន្តរាគមន៍ណាមួយពីសហរដ្ឋអាមេរិក ឬក្រុមប្រទេសណាក៏ដោយ គឺជាការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។

នេះជាលើកទី២ហើយក្នុងរយៈពេល មិនដល់មួយឆ្នាំផង ដែលសហរដ្ឋអាសមេរិក មានវិធានការតាមផ្លូវច្បាប់ប្រឆាំងការរំលោភសិទិ្ធមនុស្ស និងសេរីភាព ពាក់ព័ន្ធនឹងរដ្ឋអំណាចបក្សកុម្មុយនិសចិន។

កាលពីសប្ដាហ៍កន្លងទៅនេះ សមាជិកសភាអាមេរិក ក៏បានតាក់តែងច្បាប់ពិសេសមួយ ថ្កោលទោស របបក្រុងប៉េកាំង ដែលបំពានសិទ្ធសេរីភាពជនជាតិដើម អ៊ុយហ្គឺ នៅតំបន់ជីងជាំង។ សេចក្តីរាយការណ៍ របស់អង្គការលើកលែងទោស អន្តរជាតិ Amnesty International ដែលមានមូលដ្ឋាននៅ អង់គ្លេស បាន ចុះផ្សាយថា យ៉ាងហោចណាស់មានជនជាតិចិនអ៊ុយហ្គឺ មួយលាននាក់ កំពុងរងទារុណកម្មលុតដំអោយធ្វើពលកម្មធ្ងន់ធ្ងរនៅក្នុងជំរុំកែប្រែ ក្នុងខេត្តជីងជាំង ប្រទេសចិន៕    

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.