ឥណ្ឌា និងចិន ទំនងនឹងពើប​ប្រយុទ្ធ​ទ្រង់ទ្រាយធំមួយលើកទៀត

មានសេចក្ដីរយការណ៍មកថា ស្ថានការណ៍ព្រំដែនឥណ្ឌានិងចិននៅតែបន្តឡើងកំដៅជាខ្លាំង។ ប្រទេសចិន បានបញ្ចូន ក្រុម គុននិយម ក្បាច់គុនកុងហ្វូទៅកាន់តំបន់ព្រំដែន។ ចំណែកឥណ្ឌា បានបញ្ជូន កងទ័ពដែលមានមាឌធំទៅកាន់ព្រំដែន។ យ៉ាងណា កងទ័ពនៃប្រទេសទាំងពីរបានស្ថិត ក្នុងស្ថានភាពប្រយុទ្ធរួចរាល់ហើយ។ 

ជាមួយគ្នានេះ ឥណ្ឌាប្រកាសថាខ្លួនទទួលបាន ហើយនូវយន្តហោះ ចម្បាំងម៉ាក Rafale របស់ប្រទេសបារាំងចំនួន ៦គ្រឿង ដែលនឹងមកដល់នៅខែកក្ដដា ខាងមុខនេះ។ តាមព័ត៌មាន របស់ Bussiness Today  ឥណ្ឌាបាន ស្នើទិញយន្តហោះ ដ៏ទំនើបនេះ ពីបារាំងតាំងពីឆ្នាំ ២០១៦ គឺចំនួន ៣៦គ្រឿង ក្នុងតម្លៃសរុប ៨ពាន់ ៧រយលានដុល្លារអាមេរិក។ ប៉ុន្តែអ្វីគួរអោយភ្ញាក់ផ្អើលនោះ គឺចិនបានបញ្ជូនអ្នកគុននិយមក្បាច់កុងហ្វូ របស់ខ្លួន មកកាន់តំបន់ព្រំដែន ដោយបើកការហ្វឹកហាត់កងទ័ពចិនអោយចេះ ប្រើក្បាច់ប្រយុទ្ធបែបបុរាណនេះ នៅពេលណាកងទ័ព ពើបប្រយុទ្ធគ្នាដោយផ្ទាល់។

សារព័ត៌មាន Aljazeera បានស្រង់ពីរបាយការណ៍ពីសារព័ត៌មានរដ្ឋចិនមួយបាន ឱ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនានេះថា អ្នកជំនាញឡើងភ្នំ និងទាហានគុននិយមទាំងនោះត្រូវបានដាក់ ពង្រាយនៅជួរមុខនឹងកងទ័ពឥណ្ឌា។

ការដាក់ពង្រាយនេះក៏ត្រូវបានរាយការណ៍មកថាមិនមែនទើបតែថ្ងៃនេះទេ គឺតាំងតែពីមុនការប៉ះទង្គិចគ្នាពីរថ្ងៃ ពីថ្ងៃទី១៥ និង១៦មិថុនាដោយតែគ្រាន់តែមានការលាក់លាម និងមានចំនួនតិចតួចប៉ុណ្ណោះ។

ចិននៅតែបន្ដបង្កើនសម្ពាធ និងអានុភាពសព្វាវុធ និងកងទ័ពរបស់ខ្លួនបញ្ចូនមកកាន់តំបន់ព្រំដែនជាប់នឹងឥណ្ឌាថែមទៀតក្រោយពីខ្លួនបានស្ថាបនារួចរាល់ហើយនូវ បន្ទាយរបស់កងទ័ពដ៏រឹងមាំនៅតំបន់ជម្លោះ។

ជម្លោះព្រំដែនលើទីតាំងតំបន់ភ្នំ មានផលវិបាកជាខ្លាំងព្រោះទីតាំងភ្នំជាឧបសគ្គហើយ ស្ថានភាពផ្លូវ និង អាកាសធាតុ រឹតតែពិបាកឡើង កាន់កាប់ និងបោះទីតាំង។ ទំនងបែបនេះ ហើយទើបចិនសម្រេចប្រើប្រាស់យុទ្ធសាស្រ្ដ រាប់រយឆ្នាំកន្លងមក គឺការប្រយុទ្ធដោយក្បាច់គុន កុងហ្វូ និងការប្រើប្រាស់កាំភ្លើង។

ក្រសួងការពារជាតិចិនបានឱ្យដឹងថា ក្រុមអ្នកជំនាញឡើងភ្នំនិងទាហានគុននិយម ទាំងនោះមានចំនួនប្រាំក្រុម ដែលរួមមានក្រុមអ្នកឡើងដល់ប៉មភ្នំ Everest ឬភ្នំហេមពាន និងក្រុមក្បាច់គុណចម្រុះទាំងបុរាណ និងសម័យ ដែលទើបបញ្ជូនមកពីតំបន់ខ្ពង់រាប ទីបេ។

តាមទូរទស្សន៍ ចិន CCTV បានបង្ហាញនូវរូបភាពទ័ពថ្មើរជើងជាច្រើនរយនាក់ ដែលតម្រង់ជួរ ដើរចេញពីទីបេ ដោយកងទ័ពក្បាច់គុនបុរាណ ទាំងនោះ បានបង្ហាញសាច់ដុំ និងភាពប៉ិនប្រសប់នៃ ការហ្វឹកហាត់យ៉ាងសកម្ម។ ក្រុមថ្មីនេះក៏ត្រូវបានក្រសួងការពារជាតិហៅថាជាក្រុមពង្រឹងស្ថេរភាពតំបន់ព្រំដែន នៃដែនដីទីបេ ដែលជាប់នឹងប្រទេសឥណ្ឌា។

មេបញ្ជាការនៅទីបេ លោក Wang Haijiang បានរៀបរាប់ពីសមត្ថភាព ក្រុមអ្នកប្រយុទ្ធ ក្បាច់គុនបុរាណទាំងនោះថាជាក្រុមដែលឆ្លើយតបរហ័ស និងជាក្រុមជំនួយ ដែលមានភាពខ្លាំងក្លាក្នុងការចល័តហើយ ជាក្រុមប្រយុទ្ធដោយប្រើកម្លាំងបាយជាមួយនឹងអាវុធដែលមានក្នុងដៃ។

ភាពតានតឹងនៅតំបន់ព្រំដែនឥណ្ឌា-ចិន កើតឡើងដោយសារការប៉ះទង្គិចគ្នាកាលពីសប្ដាហ៍ទី២ នៃខែមិថុនា។ ការប៉ះទង្គិចគ្នានោះបានបណ្ដាលឱ្យទាហានឥណ្ឌាស្លាប់ជាង២០នាក់ និងរបួសជាង៧៦។ ចំណែក ចិនសារភាពថា កងទ័ពរបស់ខ្លួន ស្លាប់៣៥នាក់ គឺមិនមែនដូចសេចក្ដីរាយការណ៍របស់សារព័ត៌មាន ឥណ្ឌា ថាកងទ័ពចិនស្លាប់៤៣នាក់នោះទេ។

ទោះបែបនេះក្ដីឥណ្ឌាមិនបានជ្រើសរើសការនៅស្ងៀមស្ងាត់មិនឆ្លើយតបនោះទេ។ ឥណ្ឌាក៏បានបញ្ចូនទ័ពជិត៤ម៉ឹននាក់បន្ថែមទៀតមកប្រឈមនឹងកងទ័ពចិន រួមជាមួយនឹងសព្វាវុធរបស់ខ្លួនដែលផលិតនៅអាមេរិក ជាច្រើនគ្រឿង ទៅកាន់ជួរភ្នំហិមាល័យ ឬភ្នំហេមពាននៃជ្រលងភ្នំកាល់វ៉ាន់។

ចិនអះអាង ថា ដីព្រំដែន ៩ម៉ឹនគីឡូម៉ែត្រការរ៉េនៅភាគខាងជើងឥណ្ឌាគឺជាទឹកដីរបស់ខ្លួន ។ តែឥណ្ឌាចោទចិនវិញថា ចិននេះហើយដែលកំពុងចូលកាន់កាប់ទឹកដីទំហំ ជិតបួនគីឡូម៉ែត្រការ៉េ នៅជួរភ្នំហិមាល័យ។

ប្រទេសពីរនេះតែងតែប៉ះគ្នាជាញឹកញាប់មានទាំងទ្រង់ទ្រាយតូចនិងទ្រង់ទ្រាយធំ។ ទ្រង់ទ្រាយធំកើតមានពីរដងនៅឆ្នាំ១៩៦២ និងឆ្នាំ១៩៦៧ ដែលបណ្ដាលឱ្យកងទ័ពទាំងសងខាងស្លាប់រាប់រយនាក់។ កងទ័ពឥណ្ឌាស្លាប់១ពាន់ ៤៧នាក់ របួស ១ពាន់ ៦៣៤ ហើយចិនស្លាប់៧២២នាក់ និងរបួស ១ពាន់ ៦៩៧នាក់។ សង្គ្រាមនៅពេលនោះត្រូវបានគេឱ្យជ័យជម្នះទៅ លើប្រទេសចិន។

ចំណែកឯសង្គ្រាមនៅឆ្នាំ១៩៦៧គឺកងទ័ពឥណ្ឌាស្លាប់៨៣នាក់របួស១៦៣នាក់ ហើយចិនស្លាប់៣៤០នាក់របួស៤៥០នាក់។ ទោះជាយ៉ាងណាក៏ដោយសង្គ្រាមទាំងពីរលើកនេះបានបញ្ចប់ទៅដោយការព្រមព្រៀងទទួលយកបទឈប់បាញ់ ហើយដែលភាគច្រើននៃសំណើឈប់បាញ់កើតចេញពីប្រទេសឥណ្ឌា៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.