ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស​មួយចំនួន​ក្នុង​វិបត្តិ​កូ​វីដ១៩ តាម​ការសន្យា​របស់​ខ្លួន

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួមមាន​អង្គការលើ​កលែងទោស​អន្តរជាតិ (Amnesty International​) និង​អង្គការ​ការពារ​សិទ្ធិមនុស្ស លី​កាដ​ូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នកជាប់ឃុំ​មួយចំនួន​ជាបន្ទាន់​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ១៩ តាម​ការសន្យា​របស់​ខ្លួន។ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ពួក​គេ​កាលពី​ថ្ងៃម្សិលមិញ អង្គការ​សិទ្ធិមនុស្ស​ទាំងពីរ​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ តាមរយៈ​ការ​ដោះលែង​អ្នកជាប់ឃុំ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​បែប​អហិង្សា ក្នុង​នោះ​មាន​អ្នកជាប់ឃុំ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រី​រុ​សកូ​វីដ១៩ និង​អ្នកជាប់ឃុំ​ដទៃទៀត​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើ​សស្រាលៗ ក៏ដូចជា​ស្ត្រី​ជាប់ឃុំ​ដែល​មានកូន​តូច​នៅជា​មួយ ព្រមទាំង​អ្នកជាប់ឃុំ​ជា​អនីតិជន​ផង​ដែរ ។

កាលពី​ខែឧសភា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ថ្មី លោក កើត រិទ្ធ បាន​ប្រកាស​អំពី ការកែទម្រង់​ជាច្រើន​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស កម្ពុជា ក្នុង​ឱកាស​ឡើង​កាន់​ដំណែង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​មួយ​នេះ។កំណែទម្រង់​ដែល​លោក​បាន​សន្យា​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជាច្រើន ដែល​មិនទាន់​បាន​ជំនុំជម្រះ​នៅ​តាម​តុលាការ​នានា និង​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​នៅក្នុង​ពន្ធនាគារ តាមរយៈ​ការពង្រីក​មធ្យោបាយ​ផ្សេងទៀត​ក្រៅពី​ការ​ឃុំឃាំង​ដូចជា ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ និង​ការ​ព្យួរទោស​ជាដើម ។

ដោយឡែក​កាលពី​ខែឧសភា ឧបនាយក​រដ្ឋមន្ត្រី និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​សន្យា​ថា អ្នកជាប់ឃុំ​រហូតដល់១ម៉ឺន​នាក់​(១០០០០​) នឹង​ត្រូវ​ដោះលែង​នៅ​ទូទាំង​ប្រទេស។ ការប្រកាស​នោះ ដោយ​លោក​លើកឡើង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​បច្ចុប្បន្ន កើត​ចេញពី​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។អង្គការ​សិទ្ធិមនុស្ស​ទាំងពីរ​លើកឡើង​ថា ទោះបីជា​មានការ​ប្រកាស​ក្នុង​ខែកក្កដា​នេះ​ថា សំណុំរឿង​ជាង៣ពាន់ ៥រយ​ករណី ដែល​មិនទាន់​បាន​ជំនុំជម្រះ​ទាំងអស់ ហើយដែល​អាជ្ញាធរ គ្រោង​នឹង​អនុវត្ត​ឱ្យ​បាន ក្នុង​យុទ្ធនាការ៦ខែ​នេះ​ដើម្បី​ជំនុំជម្រះ​ឲ្យ​រួចរាល់​ក្ដី ក៏​រដ្ឋាភិបាល​កម្ពុជា មិនទាន់​បាន​បង្ហាញ ថា​តើមាន​អ្នកជាប់ឃុំ​ប៉ុន្មាន​នាក់​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ដែល​មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​នោះ។

ប្រភព​ដដែល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ចំនួន​អ្នកជាប់ឃុំ​ដែល​ត្រូវ​បាន​ដោះលែង​ក្នុង​យុទ្ធនាការ​នេះ ក៏ដូចជា​យន្តការ​ផ្លូវច្បាប់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ដោះលែង​អ្នកជាប់ឃុំ​ទាំងនោះ។ បន្ថែម​ពីនេះ​ពួក​គេ​សង្ឃឹមថា អាជ្ញាធរ​នឹងអាច​ចាត់វិធានការ​ជាបន្ទាន់ ដូច​អ្វី​ដែល​បាន​សន្យា ក្នុង​ការអនុវត្ត​កំណែទម្រង់​ជា​ទ្រង់ ទ្រាយ​ធំ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌ និង​ពន្ធនាគារ​នៅ​កម្ពុជា។

នាយករង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិ​ចនៃ​អង្គការលើ​កលែងទោស​អន្តរជាតិ លោក Ming Yu Hah បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា “លក្ខខណ្ឌ​លំបាក​ខ្លាំង​ដែល​អ្នកជាប់ឃុំ​ត្រូវ​បាន​បង្ខំ​ឱ្យ​ស៊ូទ្រាំ​អត់ធ្មត់​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​អ្វី​ដែល​កើតឡើង​ដោយ​មិន​អាច​ប្រកែក​បានទេ ។ លោក​ថា អាជ្ញាធរ​គួរតែ​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​ដោះស្រាយ​វិបត្តិ​មួយ​នេះ​ដោយ​គ្មាន​ការ​ពន្យារពេល​បន្ត​ទៀត​” ។កាលពី​ខែមិថុនា អង្គការលើ​កលែងទោស​អន្តរជាតិ និង​អង្គការ​លី​កាដ​ូ បាន​ផ្ញើរ​បាយ​ការណ៍​រួមគ្នា​មួយ ទៅ​ក្រុមការងារ​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំឃាំង​ដោយ​ឥត​ច្បាប់ (WGAD​) ដោយ​បាន​លើកឡើង​ពី​ការ​ឃុំខ្លួន​មិន​ត្រឹមត្រូវ​ជាច្រើន ចំពោះ​អ្នកជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​នៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា ។

សំណើ​នេះ​ធ្វើឡើង​ដើម្បី​បន្ថែម​ពីលើ​ភស្តុតាង​នៃ​អំពើ​ទារុណកម្ម និង​អំពើ​មិន​គប្បី​ផ្សេងទៀត ក៏ដូចជា​ការរំលោភ​សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​ជំនុំជម្រះ​ស្មើភាព​គ្នា​របស់​អ្នកជាប់ឃុំ​ដែល​សមត្ថភាព​របស់​ពួក​គាត់​ត្រូវ​បាន​ដកហូត ក្នុង​បរិបទ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស។យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ខែមករា ឆ្នាំ២០១៧ បាន​នាំ​ឱ្យ​មាន​បន្ទុក​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទៅលើ​ប្រព័ន្ធ​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​មាន​មនុស្ស​ជាង៥ម៉ឺន ៥ពាន់​នាក់​(៥៥៧៧០​) ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន និង​ត្រូវ​បាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ និង​នៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ក្នុង​សភាព​ចង្អៀត​ណែន​ខ្លាំង និង​គ្មាន​អនាម័យ​ស្រាប់​ទៅ​ហើយ ។

របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​របស់​អង្គការលើ​កលែងទោស​អន្តរជាតិ​បាន​បង្ហាញ​ពី ការរំលោភ​សិទ្ធិមនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​ទាក់ទិន​នឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ។ក្នុង​នោះ Amnesty International រក​ឃើញថា​មានការ​រំលោភសិទ្ធិ​អ្នកជាប់ឃុំ​ជាច្រើន​ដូចជា សិទ្ធិ​ទទួល​បានការ​ថែទាំ​សុខភាព និង​សិទ្ធិ​មាន​សេរីភាព​រួចផុត​ពី​ការ​ធ្វើទារុណកម្ម ក៏ដូចជា​អំពើ​មិន​គប្បី​ផ្សេងទៀត ។ចាប់តាំងពី​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មក ចំនួន​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង​យ៉ាង​គំហុក​រហូតដល់៧៨​% នៅចន្លោះ​ខែមករា ឆ្នាំ២០១៧ និង​ខែមីនា ឆ្នាំ២០២០ ។

សេចក្តី​ថ្លែង​ការ​ដដែល​ឱ្យ​ដឹង​ថា ការ​កើនឡើង​ចំនួន​អ្នកជាប់ឃុំ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​នេះ បាន​បង្ក​ឱ្យ​មាន​ភាព​ចង្អៀត​ណែន​យ៉ាង​ខ្លាំង និង​ធ្វើ​ឱ្យ​ស្ថានភាព​លំបាក​នៅក្នុង​ពន្ធនាគារ កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​សម្រាប់​អ្នកជាប់ឃុំ រាប់​ម៉ឺន​នាក់ ក្នុង​នោះ​មាន​ស្រ្តី​ជាប់ឃុំ​ដែល​មានកូន​តូច​នៅជា​មួយ ព្រមទាំង​ស្រ្ដី​មានផ្ទៃពោះ និង​អនីតិជន​ផង​ដែរ ។នាយិកា​អង្គការ​លី​កាដ​ូ អ្នកនាង ណា​លី ពី​ឡូក លើកឡើង​ថា “ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​ឆ្លើយតប​ចំពោះ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វីដ១៩ ដោយ​ការ​ដោះលែង​មនុស្សជា​ច្រើន​ពី​ពន្ធនាគារ ជាពិសេស​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​បែប​អហិង្សា ឬអ្នកជាប់ឃុំ​ដែល​ត្រូវការ​សេវា​ថែទាំ​សុខភាព​ជាចាំបាច់​” ។អ្នកនាង​បន្ត​ថា “ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា មានការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន និង​កាត់បន្ថយ​ហានិភ័យ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ តាមរយៈ​ការ​ដោះលែង​អ្នកជាប់ឃុំ​ឱ្យ​នៅ​ក្រៅ​ឃុំ និង​មធ្យោបាយ​ផ្សេងទៀត នេះ​គឺជា​ពេលវេលា​សមស្រប​ហើយ​ក្នុង​ការ​ចាត់វិធានការ​” ។

សេចក្តី​ថ្លែងការណ៍​រួម​ដដែល​បន្ត​ថា គ្រប់​ពន្ធនាគារ​ដែល​អង្គការ​លី​កាដ​ូ​បាន​ឃ្លាំមើល កំពុង​ប្រឈម​នឹង​បញ្ហា​ចង្អៀត​ណែន​យ៉ាង​ខ្លាំង។ អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជា បាន​កើនឡើង​ពី​ចំនួន​ជាង២ម៉ឺន​នាក់​(២១៩០០​) នៅ​ចុងឆ្នាំ២០១៦ រហូតដល់​ចំនួន​ជិត៤ម៉ឺន​នាក់​(៣៨៩៩០​) ដោយ​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២០។ ទោះបីជា​ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា អាច​ផ្ទុក​មនុស្ស​បាន​ត្រឹមតែ ជាង២ម៉ឺន៦ពាន់​នាក់​(២៦៥៩៣​)ក៏ដោយ ។

អង្គការ​ទាំងពីរ​អះអាង​ថា ការ​កើនឡើង​ច្រើនហួស​ហេតុ​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ដែល​គួរតែ​អនុវត្ត​ជា​ជម្រើស​ចុងក្រោយ ដោយ​ផ្អែក​តាមច្បាប់​អន្តរជាតិ បាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​នៃ​ការ​ឃុំខ្លួន​ធំ​សម្បើម ដែល​ជិត ៧៥​%នៃ​អ្នកជាប់ឃុំ​ទាំងនេះ មិនទាន់​ទទួល​បានការ​ជំនុំជម្រះ​នៅឡើយ​ទេ ។ដោយឡែក ចំ​ពោះ​ក្មេង​ៗ និង​ស្ត្រី​មានផ្ទៃពោះ ប្រឈម​នឹង​ហានិភ័យ និង​បញ្ហា​យ៉ាង​ខ្លាំង ដោយសារ​កើនឡើង​ពី​ការ​ឃុំឃាំង​នេះ។

ចំនួន​ក្មេង​តាម​ម្ដាយ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បាន​កើនឡើង​យ៉ាង​ខ្លាំង ចាប់តាំងពី​រាជរដ្ឋាភិបាល​ចាប់ផ្ដើម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មក។ ការ​កើនឡើង​នោះ គឺ​កើន​ពី​ចំនួន ៣០នាក់ នៅ​ចុងឆ្នាំ២០១៥ រហូតដល់ ចំនួន១០១នាក់ គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០២០ សម្រាប់​ពន្ធនាគារ​ទាំងអស់​ដែល​អង្គការ​លី​កាដ​ូ​បាន​ធ្វើការ​ឃ្លាំមើល​ជាង១០នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ ។ ក្មេង​ជាច្រើន​ទៀត​ដែល​ច្បាប់​ហាមឃាត់​មិន​ឱ្យ​នៅក្នុង​ពន្ធនាគារ នៅតែ​រក​ឃើញថា​បាន​ជាប់ឃុំ​ជាមួយ​មនុស្ស​ពេញវ័យ ហើយ​បញ្ហា​នេះ​ជា​ការរំលោភ​កាតព្វកិច្ច​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ។បញ្ហា​ប្រឈម​ទាំងនេះ អង្គការលើ​កលែងទោស​អន្តរជាតិ និង​អង្គការ​លី​កាដ​ូ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​កង្វះ​យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មានប្រសិទ្ធភាព។

ទោះបីជា​យ៉ាងនេះ​ក្តី ពួក​គេ​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ជំរុញ​ការអនុវត្ត​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដែល​បាន​សន្យា​ដោយ​គ្មាន​ការ​ពន្យារពេល​បន្ត​ទៀត ដោយ​ដោះលែង​អ្នកជាប់ឃុំ​ជាច្រើន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទមជ្ឈិម ឬបទ​ល្មើស​បែប​អហិង្សា ។លើស​ពីនេះ​ផ្សព្វផ្សាយ​ដោយ​តម្លាភាព​អំពី​ដំណើរការ​នៃ​ការអនុវត្ត​កំណែទម្រង់​ដែល​បាន​សន្យា។ ផ្ដល់​អាទិភាព​ក្នុង​ការ​ដោះលែង​អ្នកជាប់ឃុំ​ដែល​ប្រឈម​នឹង​ហានិភ័យ​ដូចជា មនុស្សចាស់ អ្នកជំងឺ​ដែល​ត្រូវការ​សេវា​ថែទាំ​សុខភាព​ជាចាំបាច់ ស្ត្រី​មានផ្ទៃពោះ ស្រ្តី​ដែល​មានកូន​តូច​នៅជា​មួយ និង​អ្នកជាប់ឃុំ​ជា​អនីតិជន​ជាដើម​៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.